Recent Posts

Come to Join With us

Tuesday, February 5, 2013

លោក​ហ៊ុន សែន​ស្នើ​ក្រសួង​យុត្តិធម៌​ពិចារណា​បន្ធូរបន្ថយ​ទោស​ថៃ​អាវ​លឿង

លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់​ នាយករដ្ឋមន្ត្រី​ថៃ​ បាន​ធ្វើ​លិខិត​ស្នើសុំ​​អន្តរាគមន៍​​ជាថ្មីម្តងទៀត​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន អោយ​​ពិចារណា​អំពី​ការ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​សកម្ម​ជន​ថៃ​អាវ​លឿង​២​នាក់​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​អោយ​ក្រសួង​យុត្តិធម៌​ពិចារណា​លើការ​ ស្នើសុំ​របស់​នាយករដ្ឋមន្ត្រី​ថៃ​នេះ។

ក្រសួង​យុត្តិធម៌​បាន​ចាប់​ផ្តើម​នីតិវិធី​​ទៅ​តាម​ការ​ស្នើ​របស់​លោក​ នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ហើយ​នៅ​ថ្ងៃ​នេះ។ លោក​នាយករដ្ឋមន្ត្រី​ដែល​បាន​ស្នើ​អោយ​ក្រសួង​យុត្តិធម៌​ពិចារណា​ ទីមួយ បន្ធូបន្ថយទោស​ទណ្ឌិត ​វេរ៉ា ស៊ុមខ្វាមឃីត ដើម្បី​អាច​ឈាន​ទៅ​ដល់​ការ​លើក​លែងទោស និង​ទី២ លើក​លែង​ទោស​ទណ្ឌិត រ៉ាទ្រី ពីប៉ាតាណា​ប៉ៃ​ប៊ូន ក្នុង​ឱកាស​ព្រះរាជពិធី​ថ្វាយ​ព្រះភ្លើង​ព្រះបរមសព​ព្រះ​រតនកោដ្ឋ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ការ​ស្នើ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឡើង​តាម​សំណូមពរ​របស់​ លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី​ថៃ ​​ដែល​ផ្ញើ​លិខិត​មក​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​មករា​នេះ​តែ​ម្តង។
លោក​សម ប្រជាមានិត នាយក​ខុទ្ទកាល័យ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​រសៀល​ថ្ងៃ​នេះ​ថា ក្រសួង​យុត្តិធម៌​បាន​ផ្តើម​នីតិវិធី​ហើយ​ ដោយ​ការ​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋ​ភាព​មនុស្ស​ធម៌ មុន​នឹង​ធ្វើ​របាយការណ៍​ផ្ញើ​ទៅ​លោក​នាយករដ្ឋមន្ត្រី​វិញ។ លោក​នាយកខុទ្ទកាល័យ​រូបនេះ​មិន​អាច​បញ្ជាក់ថា តើ​ពេល​ណា​នឹង​អាច​បញ្ចប់​នីតិវិធី​នេះ​នោះ​ទេ។
គួរបញ្ជាក់ថា កាសែត​ថៃធ្លាប់​បាន​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​អោយដឹងថា ករណី​ជនជាតិ​ថៃ​អាវ​លឿង​ទាំងពីរ​នេះ ត្រូវបាន​លើកឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាការ​ចម្រុះ​​ស្តី​ពី​ សហប្រតិបត្តិការ​ទ្វេភាគី​កន្លងមក ដែល​ដឹកនាំ​ដោយ​​រដ្ឋមន្ត្រីការ​បរទេសកម្ពុជា​ថៃ​។ ពិសេស​ករណី​នាងរ៉ាទ្រី​ដែល​ត្រូវបាន​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​៦ឆ្នាំ​នោះ បើតាម​ច្បាប់​កម្ពុជា គេ​អាច​ចាប់ផ្តើម​នីតិវិធី​ស្នើ​សុំ​ការ​បន្ធូរបន្ថយ​ទោស​បន្ទាប់​ពី​បាន​ អនុវត្តទោស​បាន​២ភាគ​៣​នៃ​ទោស​សរុប។
គួរ​រម្លឹកថា អ្នកទាំងពីរ ជាមួយ​នឹង​មនុស្សមួយ​ក្រុមទៀត​​បាន​ដើរ​ឆ្លងកាត់​ព្រំដែន​ចូល​ក្នុង​ភូមិ​ ខ្មែរ​ នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​កាល​ពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១០។ អាជ្ញាធរ​កម្ពុជា​បាន​ចោទប្រកាន់​ពួកគេ​ពីបទ​ឆ្លងដែន​ខុសច្បាប់ ចូល​ក្នុង​បន្ទាយ​យោធា​ និង​បទ​ធ្វើ​ចារកម្ម។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដាក់ទោស​វេរ៉ា​ ស៊ុមខ្វាមឃីត​ ដែល​ជា​សកម្មជន​អាវលឿង​អោយជាប់​ពន្ធនាគារ​៨​ឆ្នាំ និង​​នាងរ៉ាទ្រី​អោយជាប់​ពន្ធនាគារ​៦​ ឆ្នាំ។
វា​អាច​ជា​ការ​ដល់​ពេល​ដែល​ត្រូវ​ស្នើ​សុំ​លើកលែង​ទោស​ដល់​ជនជាតិ​ថៃ​ អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​​របស់​លោក​អាប់ភីស៊ីត​ទាំងពីរ​នេះ​មែន​។ ប៉ុន្តែ​ពេល​វេលា​នេះ វា​ក៏​បាន​កើត​ឡើង​ស្រប​ពេល​ជា​មួយ​គ្នា​នឹង​ចលនា​របស់​ក្រុម​អាវលឿង​កំពុង​ គាប​សង្កត់​អោយ​លោកស្រី​នាយក​រដ្ឋមន្ត្រី​យីងឡាក់​​បង្ហាញជំហរ​លើ​បញ្ហា​ ព្រំដែន​ប្រាសាទ​ព្រះ​វិហារ។ ប្រសិន​បើ រដ្ឋាភិបាល​កម្ពុជា​អាច​សម្រេច​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ថៃ​អាវ​លឿង​ទាំងពីរ​នេះ​មែន លទ្ធផល​ក៏​ទំនង​ជា​អាច​ជួយ​សម្រាលសម្ពាធ​របស់​រដ្ឋាភិបាល​លោកស្រី​យីងឡាក់​ ដែរ៕

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger